ចន្លោះ​ម៉ោង ៩-១១ យប់ ជា​ពេល​ជួយ​ឲ្យ​អាយុ​វែង ហាម​ផ្តាច់​កុំ​ធ្វើ​រឿង​ទាំង ៤ នេះ​ឲ្យ​សោះ

ចន្លោះ​ពេល ២ ម៉ោង ពី​ម៉ោង ៩ ដល់ ១១ យប់ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​មនុស្ស ដោយ​វា​អាច​ពន្យារ​អាយុ​ឲ្យ​កាន់​តែ​វែង ប្រសិន​ជា​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ ហើយ​បញ្ចៀស​ទម្លាប់​អាក្រក់​ទាំង ៤ ខាង​ក្រោម៖

៤) ការ​ប្រើប្រាស់​ទូរស័ព្ទ

មនុស្ស​ភាគ​ច្រើន​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​មុន​ចូល​គេង ដោយ​អ្នក​មិន​បាន​ដឹង​នោះ​ទេ អំពី​ផល​ប៉ះពាល់​នៃ​វា។ ការ​ប្រើ​លើស​ពី ១ ម៉ោង​នៅ​លើ​គ្រែ អាច​កាត់​បន្ថយ​សារធាតុ​ Melatonin ដែល​ផលិត​បាន​ប្រហែល ២២ ភាគរយ នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ធ្វើ​ឲ្យ​អ្នក​គេង​យប់​ជ្រៅ ឬ​គេង​មិន​លក់។

តាម​ក្បួន​បុរាណ​ចិន គេ​ដំណាល​មក​ថា "ធ្វើ​ការ​ឲ្យ​ធ្វើ​ការ​នៅ​ថ្ងៃ​រះ ហើយ​ពេល​ថ្ងៃ​លិច​ត្រូវ​តែ​សម្រាក" ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ថ្លើម​ដំណើរការ​ល្អ ចរន្ត​ឈាម​រត់​ស្រួល ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រើ​ទូរស័ព្ទ​យូរ នោះ​ក៏​នឹង​នាំ​មុខងារ​ថ្លើម​ថយ​ចុះ ប្រព័ន្ធ​ឈាម​ចាប់​ផ្តើម​មាន​ការ​រាំងស្ទះ រួច​ថែម​ទាំង​ប៉ះពាល់​ដល់​ភ្នែក​ផង​ដែរ។

៣) ទទួល​ទាន​លើស​ពី​ម៉ោង ៩ យប់

កុំ​ទម្លាប់​ទទួល​ទាន​អាហារ​លើស​ម៉ោង ៩ យប់ ព្រោះ​វា​ធ្វើ​ឲ្យ​ក្រពះ​មិន​បាន​សម្រាក នេះ​ដាក់​បន្ទុក​ទៅ​លើ​ក្រពះ​ ថែម​ទាំង​ប៉ះពាល់​ដល់​គុណភាព​ដំណេក​ទៀត​ផង។ ដូច្នេះ​យក​ល្អ គួរ​កុំ​ទទួល​ទាន​អាហារ​មុន​ចូល​គេង រយៈ​ពេល ២ ម៉ោង​អី។ (ឧទាហរណ៍៖ គេង​ម៉ោង ១០ យ៉ាង​ហោច​ត្រូវ​ទទួល​ទាន​ត្រឹម​ម៉ោង ៧ ឬ ៧ ៣០ យ៉ាង​យូរ)

២) ហាត់​ប្រាណ​ក្រោយ​ម៉ោង ៩ យប់

ក្រោយ​ម៉ោង ៩ យប់​អ្នក​មិន​គួរ​ហាត់​ប្រាណ​ឡើយ ជា​ពិសេស​លំហាត់​ប្រាណ​ខ្លាំងៗ ដូច​ជា​ការ​រត់ ឬ​លេង​បាល់ ព្រោះ​វា​អាច​នាំ​ឲ្យ​ខួរក្បាល​គ្មាន​ស្ថិរភាព ញ័រ​ខ្លាំង ដល់​ពិបាក​ក្នុង​ការ​គេង។ មុន​ពេល​ចូល​គេង អ្នក​គួរ​តែ​រក្សា​ចិត្ត​ស្ងប់ ត្រដុស​ត្រង់​ផ្នែក​ក​ និង​សៀតផ្កា​ថ្នមៗ។

១) ផឹក​ទឹក​ច្រើន

ការ​ផឹក​ទឹក​មុន​ពេល​ចូល​គេង គឺ​ល្អ ដោយ​វា​អាច​ការពារ​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​សរសៃ​ឈាម​ និង​បេះដូង តែ​កុំ​ទម្លាប់​ទទួល​ទាន​ច្រើន​ពេក​អី ព្រោះ​វា​នាំ​ឲ្យ​អ្នក​បត់​ជើង​តូច​ច្រើន រំខាន​ដល់​ដំណេក​ទៅ​វិញ។ លើស​ពី​នេះ​ការ​ផឹក​ទឹក​ច្រើន​មុន​ចូល​គេង ក៏​បណ្តាល​ឲ្យ​មុខ​ឡើង​ហើម​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក