អាយុ​ពិត ៣៤ ឆ្នាំ​ហើយ តែ​សាច់​ចាំ​ដូច​ក្មេង​ស្រី​ស្រករ ២០ ដោយសារ​អាថ៌កំបាំង ៤ យ៉ាង​នេះ

តារា​សម្តែង​ស្រី​ជនជាតិ​ជប៉ុន ឈ្មោះ Ishihara Satomi មាន​អាយុ ៣៤ ឆ្នាំ​ហើយ ប៉ុន្តែ​ទៅ​មើល​សម្រស់​រូបរាង​កាយ​របស់​​នាង គឺ​មើល​ទៅ​នៅ​ក្មេង សឹង​តែ​គិត​ថា ទើប​តែ​អាយុ ២០ ស្តើង​អ្វី​តែ​ប៉ុណ្ណោះ។

ស្បែក​របស់​នាង​ស្អាត​រលោង គ្មាន​ស្នាម​ជ្រួញ ហើយ​ឥឡូវ​កំពុង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា "រាជិនី​កំពូល​សម្រស់​ប្រចាំ​ប្រទេស​ជប៉ុន"។ យ៉ាង​ណា​នាង​ក៏​បាន​ចែករំលែក​នូវ​គន្លឹះ​អាថ៌កំបាំង ៤ យ៉ាង​ ដែល​ស្រ្តី​គ្រប់​រូប​មិន​គួរ​រំលង​អាន៖

៤) លុបលាង​គ្រឿង​សម្អាត​លើ​មុខ​ជា​ប្រចាំ

ការ​លាង​សម្អាត​មុខ​គឺ​ជា​ជំហាន​ដំបូង ដែល​ស្រ្តី​គ្រប់​រូប មិន​ត្រូវ​ខ្ជិល​នោះ​ទេ។ ជា​ពិសេស​សម្រាប់​អ្នក Makeup ច្រើន គឺ​នាង​ណែនាំ​ឲ្យ​ក្រោយ​ពី​បំពេញ​ការងារ ឬ​មក​ពី​ខាង​ក្រៅ រឿង​ដំបូង​ភ្លាម​ដែល​ត្រូវ​ធ្វើ​គឺ​ទៅ​លាង​សម្អាត​គ្រឿង Makeup នោះ​ចេញ​ពី​ផ្ទៃ​មុខ។

វា​បាន​លាង​សម្អាត​ទាំង​ធូលី ភាព​កខ្វក់​ផ្សេងៗ​ដែល​ជាប់​លើ​មុខ ព្រោះ​បើ​ទុក​យូរ អាច​បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស កើត​ទៅ​ជា​មុន។ នាង​ហ្មត់ចត់​ណាស់​លើ​រឿង​លាង​សម្អាត​មុខ ព្រោះ​នាង​ចង់​ឲ្យ​ស្បែក​បាន​សម្រាក​ច្រើន។

៣) បាញ់​ទឹក​សារធាតុ​រ៉ែ​ជា​ប្រចាំ

នាង​រមែង​ប្រើប្រាស់​ Spray សារធាតុ​រ៉ែ​បាញ់​មក​លើ​ផ្ទៃ​មុខ និង​ស្បែក​ជា​ប្រចាំ ព្រោះ​ដើម្បី​ជួយ​ឲ្យ​ស្បែក​រលោង និង​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ។ ជាង​នេះ​វា​ក៏​បាន​ចូលរួម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ប្រចាំ​ផង​ដែរ ជា​ពិសេស​គឺ​នៅ​ពេល​ថ្ងៃ។

២) ងូត​ទឹកក្ដៅឧណ្ហ៍ៗ

Satomi បង្ហើប​ថា នាង​កម្រ​នឹង​ងូត​ទឹក​ត្រជាក់​ណាស់ ពោល​គឺ​រមែង​ត្រាំ​ខ្លួន​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ ដោយ​នាង​ជឿ​ថា វា​ជួយ​សម្រួល​រាងកាយ បំបាត់​ភាព​នឿយហត់ ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល ដែល​វា​ក៏​ពាក់ព័ន្ធ​នឹង​ដើមចម​ក្នុង​ការ​លើក​សម្រស់​រាងកាយ​ផង​ដែរ។ ក្រោយ​ងូត​ទឹក​រួច នាង​មិន​រំលង​ទេ ការ​លាប​ឡេ ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ទន់។

១) ផឹក​ទឹក​បន្លែ​ជា​រៀងរាល់​ថ្ងៃ

ក្រៅ​ពី​ផលិតផល​ថែ​រក្សា​សម្រស់ នាង​ក៏​ប្រើប្រាស់​របស់​ធម្មជាតិ​ដូច​ជា​ទឹក​ផ្លែ​ឈើ ទឹក​បន្លែ ដែល​មាន​ឱជារស​ឆ្ងាញ់ និង​មាន​ជីវជាតិ ក៏​ដូច​ជា​ផ្តល់​នូវ​វីតាមីន​ជា​ច្រើន​មក​ដល់​ស្បែក។

បន្ថែម​ពី​នេះ​របប​អាហារ​ដែល​ទទួល​ទាន ក៏​នាង​កាត់​បន្ថយ​សាច់​ឲ្យ​នៅ​ចំនួន​តិច​បំផុត​ផង​ដែរ ហើយ​ដាក់​បន្លែ​ចូល​ទៅ​ក្នុង​ចាន​ជា​រៀងរាល់​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក