ស្រីៗ​កុំ​ឆ្ងល់​ហេតុអ្វី​បាន​ជ្រុះ​សក់​ច្រើន? ប្រហែល​មក​ពី​អ្នក​មើល​រំលង​របស់ ៣ នេះ

ការ​ជ្រុះ​សក់​ច្រើន​ ចំពោះ​ស្រ្តី​អាច​បណ្តាល​មក​ពី​រាងកាយ​របស់​ពួក​គាត់​ខ្វះ​នូវ​សារធាតុ​មួយ​ចំនួន ហើយ​ចាំ​បាច់​គួរ​តែ​ប្រញាប់​មក​បំពេញ ឬ​កែ​លម្អ​បញ្ហា​ទាំង​អស់​នេះ។ ខាង​ក្រោម Knongsrok ណែនាំ​របស់ ៣ ដែល​អាច​ជួយ​ចិញ្ចឹម​សក់​ឲ្យ​រស់​ល្អ និង​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ៖

៣) វីតាមីន

ការ​ជ្រុះ​សក់​ច្រើន​ពេក បណ្តាល​មក​ពី​កង្វះ​វីតាមីន។ ជា​ការ​ពិត​ជញ្ជាំង​សរសៃឈាម​ក្នុង​រាងកាយ តែងតែ​ត្រូវ​វីតាមីន​ដើម្បី​ធ្វើ​ឲ្យ​សកម្ម ស្រប​ពេល​សារធាតុ​ចិញ្ចឹម​ឬស​សក់ ក៏​ត្រូវ​ស្រូប​យក​ពី​ឈាម​ផង​ដែរ។

ដូច្នេះ​រាងកាយ​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​វីតាមីន គ្រប់​គ្រាន់ ហើយ​បើ​សួរ​ថា​ទៅ​យក​ពី​ណា គឺ​មិន​បាច់​ទៅ​មើល​ឆ្ងាយ​ទេ ដោយ​ត្រឹម​តែ​ផ្លែ​ឈើ​នៅ​ក្បែរ​យើង អ្នក​មាន​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ​គឺ​យក​ទៅ​ណា​មិន​អស់ តួ​យាង​ដូច​ជា​ផ្លែ​ប៉ោម​និង​ក្រូច។

២) ជាតិ​ដែក

ជាតិ​ដែក​គឺ​ជា​ធាតុ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម។ មនុស្ស​មួយ​ចំនួន​បាត់បង់​ជាតិ​ដែក​ ដោយ​សារ​ការ​ហូរ​ឈាម​ពេល​មក​រដូវ ហើយ​បើ​មិន​ទទួល​ទាន​អាហារ​មក​ប៉ះប៉ូវ​វិញ​ទៀត នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​សក់​ជ្រុះ​ខ្លាំង យ៉ាង​ឆាប់​រហ័ស។

អាហារ​ដែល​មាន​ជាតិ​ដែក អ្នក​គួរ​ទទួល​ទាន​រួម​មាន ស្ពៃ​ខ្មៅ ថ្លើម គ្រាប់​ធញ្ញជាតិ សាច់​ក្រហម គ្រាប់​ល្ពៅ​ជា​ដើម។

១) ប្រូតេអ៊ីន

ស្រ្តី​ដែល​សម្រក​ទម្ងន់​ដោយ​ដាក់​កំហិត​ខ្លួន​ឯង​លើ​ការ​ទទួល​ទាន​អាហារ ជួន​ខ្លះ​ធ្វើ​ឲ្យ​បាត់បង់​ការ​ស្រូវ​យក​ប្រូតេអ៊ីន​មក​កាន់​រាងកាយ។ ដូច្នេះ​កង្វះ​ប្រូតេអ៊ីន​នេះ​សោត​ក៏​នាំ​ឲ្យ​អ្នក​ជ្រុះ​សក់​ច្រើន​ផង​ដែរ។

អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន រួម​មាន​ដូច​ជា​ទឹក​ដោះ​គោ ស៊ុត អាហារ​សមុទ្រ សាច់​គោ​ សាច់​មាន់​ជា​ដើម។ បើ​ខ្លាច​ធាត់ អ្នក​គួរ​កំណត់​បរិមាណ​ទទួល​ទាន មិន​គួរ​បង្អត់​ទាំង​ស្រុង​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក